ព្រឹកថ្ងៃទី ២៧ ខែឧសភា លោក ង្វៀន ទៀនហាយ សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានគណៈប្រតិភូតំណាងរាស្ត្រខេត្តអានយ៉ាង បានអញ្ជើញទៅពិនិត្យជាក់ស្តែងអំពីហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងសកម្មភាពទេសចរណ៍នៅភ្នំពពាល។ អមដំណើរមានអ្នកស្រី ង្វៀន ធីមិញធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង និងតំណាងថ្នាក់ដឹកនាំមន្ទីរផ្នែកខេត្ត។


បន្ទាប់ពីពិនិត្យជាក់ស្តែង និងស្តាប់របាយការណ៍អំពីគំនិតផែនការរៀបចំតំបន់ទេសចរណ៍ឧទ្យានភ្នំពពាលដែលរៀបចំដោយវិទ្យាស្ថានផែនការសំណង់ភាគខាងត្បូង (អង្គភាពប្រឹក្សា) លោក ង្វៀន ទៀនហាយ លេខាបក្សខេត្ត បានស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះគម្រោងនេះ។ សមមិត្តបានលើកសរសើរដល់គណៈកម្មាធិការប្រជាជនខេត្ត ដែលបានណែនាំឲ្យរៀបចំផែនការទាន់ពេល ដើម្បីបង្កើនតម្លៃ សក្តានុពល និងអត្ថប្រយោជន៍របស់តំបន់ភ្នំប្រាំពី (Bảy Núi) ជាពិសេសតំបន់ភ្នំពពាល(Núi Cấm)។

លោក ង្វៀនទៀនហាយ លេខាបក្សខេត្តបានស្នើឲ្យមន្ទីរផ្នែកពាក់ព័ន្ធ សហការជាមួយអាជ្ញាធរឃុំភ្នំពពាល (Núi Cấm) និងអង្គភាពប្រឹក្សាបន្តពង្រីកការសួរយោបល់ពីភាគីពាក់ព័ន្ធ ដូចជា អ្នកជំនាញការទេសចរណ៍ ក្រុមហ៊ុន ធុរកិច្ចទេសចរណ៍ធំៗមានកេរ្តិ៍ឈ្មោះ និងអ្នកវិនិយោគយុទ្ធសាស្ត្រ មានសក្តានុភាព ដើម្បីបញ្ចប់ផែនការឲ្យបានឆាប់រហ័ស។


លោក ង្វៀនទៀនហាយ លេខាបក្សខេត្តអានយ៉ាង ក៏បានស្នើថា ក្នុងដំណើរការសិក្សាស្រាវជ្រាវ និងរៀបចំផែនការសហការយ៉ាងជិតស្និទ្ធជាមួយអង្គភាពយោធា ដែលឆ្ពោះទៅរកគោលដៅអភិវឌ្ឍសេដ្ឋកិច្ច-សង្គមផ្សារភ្ជាប់នឹងការធានាសន្តិសុខ ការពារជាតិ និងសណ្តាប់ធ្នាប់សង្គម។
ជាពិសេស ត្រូវផ្តោតសំខាន់លើការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសម្បូបែបទំនើប សុវត្ថិភាព ដើម្បីបម្រើតម្រូវការភ្ញៀវទេសចរដែលមកទស្សនា។ ទន្ទឹមនឹងនេះ យកចិត្តទុកដាក់លើការសាងសង់តំបន់តាំងទីលំនៅថ្មី សំណង់សុខាភិបាល អប់រំ សេវាកម្ម និងពាណិជ្ជកម្មជាដើម ដើម្បីបម្រើប្រជាជន និងភ្ញៀវទេសចរ។

នៅពេលរៀបចំផែនការបានអនុម័តដោយផ្នែកមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ចាំបាច់ត្រូវតែរៀបចំការប្រកាសផែនការឲ្យបានឆាប់រហ័ស ហ្មត់ចត់ ច្បាស់លាស់ បើកចំហ និងតម្លាភាព ដើម្បីធុរកិច្ច និងប្រជាជនបានដឹង ស្របចិត្តស្របគំនិតគាំទ្រជាមួយអាជ្ញាធរមូលដ្ឋានដើម្បីផ្សព្វផ្សាយអនុវត្ត។
ផ្អែកលើមូលដ្ឋានផែនការ និងការតម្រង់ទិសអភិវឌ្ឍ ខេត្តអញ្ជើញវិនិយោគិនធំៗឲ្យចូលរួមវិនិយោគប្រមូលផ្តុំ ទ្រង់ទ្រាយធំ មានផែនទីបង្ហាញផ្លូវជាក់លាក់ និងដំណើរការច្បាស់លាស់។ ប្រព័ន្ធនយោបាយខេត្តអានយ៉ាងទាំងមូលត្រូវជួយណែនាំ គាំទ្រ និងបង្កើតលក្ខខណ្ឌអំណោយផលបំផុត ដើម្បីវិនិយោគគិនអាចអនុវត្តគម្រោងបានដោយសុវត្ថិភាព និងត្រឹមត្រូវតាមច្បាប់ រួមចំណែកបង្កើតតម្លៃអភិវឌ្ឍសំខាន់ៗ មិនត្រឹមតែសម្រាប់តំបន់ភ្នំប្រាំពី(Bảy Núi) ខេត្តអានយ៉ាងទេ គឺសម្រាប់តំបន់វាលរាបទន្លេគឺវឡុងទាំងមូល៕
ប្រែ៖ ណារីពៅ