រសៀលថ្ងៃទី ២៧ ខែឧសភា លោក ង្វៀន ទៀនហាយ សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានគណៈប្រតិភូតំណាងរាស្ត្រខេត្តអានយ៉ាង បានអញ្ជើញទៅពិនិត្យតំបន់អភិរក្សទេសភាពព្រៃស្មាច់ត្រាស៊ឺ។ អមដំណើរជាមួយមានអ្នកស្រី ង្វៀនធីមិញធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង និងតំណាងមន្ទីរ ផ្នែកពាក់ព័ន្ធក្នុងខេត្ត។


បន្ទាប់ពីថ្នាក់ដឹកនាំគណៈគ្រប់គ្រងព្រៃខេត្តអានយ៉ាង - តំបន់ទី ២ រាយការណ៍អំពីស្ថានភាពប្រព័ន្ធអេកូឡូស៊ី សកម្មភាពការពារព្រៃ និងពិនិត្យជាក់ស្តែងនៅតំបន់អភិរក្សទេសភាពព្រៃស្មាច់ត្រាស៊ឺ លោក ង្វៀន ទៀនហាយ លេខាបក្សខេត្ត បានស្នើឲ្យកម្លាំងរុក្ខបាលនិងគណៈគ្រប់គ្រងព្រៃខេត្តអានយ៉ាង - តំបន់ទី ២ ផ្តោតលើការបង្កើនការងារការពារព្រៃនិងបង្ការពន្លត់អគ្គិភ័យព្រៃ ជាពិសេសនៅក្នុងរដូវប្រាំង។


លោកលេខាបក្សខេត្តក៏បានស្នើឲ្យក្រុមហ៊ុន សៅម៉ាយ សហការជាមួយមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន អនុវត្តឲ្យបានតឹងរ៉ឹងនូវការគ្រប់គ្រង និងអភិវឌ្ឍទេសចរណ៍នៅតំបន់អភិរក្សព្រៃស្មាច់ត្រាស៊ឺ។ ទន្ទឹមនឹងនេះ បង្កើនការល្បាត និងត្រួតពិនិត្យតំបន់ព្រំដែន ផ្លូវលំ និងច្រកចេញចូលធម្មតា ដើម្បីការពារបូរណភាពព្រៃនៃប្រព័ន្ធអេកូឡូស៊ីធម្មជាតិនិងទេសភាពព្រៃស្មាច់។


អំពីការតម្រង់ទិស អភិវឌ្ឍសេដ្ឋកិច្ច–សង្គមនៅឃុំអានគឺ លោក ង្វៀនទៀនហាយ លេខាបក្សខេត្តបានស្នើឲ្យគណៈកម្មាធិការប្រជាជនឃុំបញ្ចប់ឲ្យឆាប់នូវការរៀបចំផែនការអភិវឌ្ឍឃុំ ដោយភ្ជាប់ជាមួយផែនការខេត្ត។ ក្នុងនោះ រៀបចំអាទិភាពគម្រោងសំណង់សំខាន់ៗ បង្កើតជាកម្លាំងចលករដើម្បីមូលដ្ឋានអភិវឌ្ឍទៅមុខ ដោយផ្តោតលើវិស័យដូចជា ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន កសិកម្ម សង្គម សុខាភិបាល និងអប់រំ។

ក៏នៅក្នុងដំណើរត្រួតពិនិត្យនេះផងដែរ លោក ង្វៀន ទៀនហាយ លេខាបក្សខេត្ត និងគណប្រតិភូខេត្តបានទៅពិនិត្យជាក់ស្តែងនៅភ្នំដំរី (núi Voi) សង្កាត់ជីឡាំងផងដែរ៕
ប្រែ៖ ណារីពៅ