ព្រឹកថ្ងៃទី ២៦ ខែឧសភា នៅឃុំចូវផុង គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តអានយ៉ាងបានរៀបចំពិធីជួបជុំអបអរសាទរបុណ្យចូលឆាំ្នថ្មី Roya Haji ឆ្នាំ ២០២៦ របស់ជនរួមជាតិចាម។ អញ្ជើញចូលរួមពិធីជួបជុំមាន អ្នកស្រី ត្រាន់ធី ថាញ់ហ៊ឿង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តអានយ៉ាង លោក តុងភឿកទ្រឿង សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត ប្រធានគណៈឃោសនាអប់រំនិងចលនាមហាជនបក្សខេត្ត។ លោក ឡេវ៉ាន់ភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តនិងថ្នាក់ដឹកនាំមន្ទីរ ផ្នែកពាក់ព័ន្ធ សមណសក្តិ អ្នកមុខអ្នកការ និងជនរួមជាតិចាមនៅក្នុងខេត្តយ៉ាងច្រើនកុះករចូលរួម។


នៅក្នុងបរិយាកាសសាមគ្គី និងកក់ក្តៅនៃពិធីបុណ្យចូលឆាំ្នថ្មីជនរួមជាតិចាមកាន់សាសនាឥស្លាម ប្រតិភូបានរម្លឹកឡើងវិញនូវអត្ថន័យល្អប្រសើរនៃពិធីបុណ្យចូលឆ្នាំ Roya Haji ដែលជាពិធីបុណ្យប្រពៃណីមានអត្ថន័យសំខាន់ក្នុងជីវភាពស្មារតី វប្បធម៌ និងជំនឿសាសនារបស់ជនរួមជាតិចាមកាន់សាសនាឥស្លាម បង្ហាញពីស្មារតីសាមគ្គី ចែករំលែក ឆ្ពោះទៅរកអំពើល្អ និងបួងសួងសុំឲ្យជីវិតសុខសាន្ត និងសុភមង្គល។ នេះក៏ជាឱកាសមួយ ដើម្បីបង្កើនសាមគ្គីភាពក្នុងសហគមន៍ រួមចំណែករក្សានិងអភិវឌ្ឍអត្តសញ្ញាណវប្បធម៌ល្អប្រសើររបស់ជនជាតិចាមនៅក្នុងខេត្តអានយ៉ាង។

ថ្លែងមតិក្នុងពិធីជួបជុំ លោក ឡេវ៉ាន់ភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានជូនពរអបអរសាទរដល់គណៈតំណាងសហគមន៍ឥស្លាមខេត្ត គណៈគ្រប់គ្រងវិហារ និងបងប្អូនចាមទាំងអស់ ឲ្យទទួលបុណ្យចូលឆាំ្នថ្មី Roya Haji ប្រកបដោយសប្បាយរីករាយ កក់ក្តៅ សុវត្ថិភាព និងសុភមង្គល។ តាមរយៈនោះ លោកសង្កត់ធ្ងន់ថា ជនរួមជាតិចាមអានយ៉ាង គឺជាផ្នែកសំខាន់មួយក្នុងប្លុកសាមគ្គីជនជាតិទាំងមូល ដែលតែងតែរួមដំណើរជាមួយការអភិវឌ្ឍរបស់ខេត្តអានយ៉ាង។
បច្ចុប្បន្ន ខេត្តទាំងមូលមានអ្នកកាន់សាសនាឥស្លាមជាង ២១ពាន់នាក់ កំពុងប្រតិបត្តិសាសនានៅវិហារ ១២ កន្លែង វិហារតូច ១៦កន្លែង និងទីតាំងប្រជុំជីវភាពសាសនារួមមួយកន្លែង។ មួយរយៈពេលកន្លងទៅនេះ គណៈតំណាងសហគមន៍ឥស្លាមខេត្ត រួមជាមួយសមណសក្តិ អ្នកមុខអ្នកការ អ្នកមានកិត្យានុភាពក្នុងសាសនា បានចលនាយ៉ាងសកម្មដល់ជនរួមជាតិឲ្យគោរពនិងអនុវត្តគោលការណ៍របស់បក្ស និងគោលនយោបាយច្បាប់របស់រដ្ឋឲ្យបានល្អ រក្សាអត្តសញ្ញាណវប្បធម៌ជនជាតិ និងចូលរួមកសាងជីវភាពវប្បធម៌ រក្សាសន្តិសុខសណ្តាប់ធ្នាប់នៅមូលដ្ឋាន។
លោក ឡេវ៉ាន់ភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ក៏បានកត់សម្គាល់នូវការខិតខំប្រឹងប្រែងឈានឡើងរបស់ជនរួមជាតិចាមក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រផងដែរ។ មានមុខរបរប្រពៃណីជាច្រើន ដូចជា តម្បាញសារ៉ុង ក្រម៉ា និងការប៉ាក់តម្បាញនៅតែបានរក្សាទុក និងអភិវឌ្ឍ។ បណ្តាសកម្មភាពសន្តិសុខសង្គម ជំរុញការសិក្សា និងការជួយគាំទ្រគ្រួសារក្រីក្រ កសាងធ្លុងមហាសាមគ្គីក៏បានសហគមន៍ចូលរួមយ៉ាងសកម្ម។ មកដល់បច្ចុប្បន្ន ចំនួនគ្រួសារក្រីក្រនៅក្នុងសហគមន៍ចាមរបស់ខេត្តបានថយចុះនៅ ១០២ គ្រួសារ។
លោកអនុប្រធានគណកម្មាធិការប្រជាជនខេត្តអានយ៉ាងបានបញ្ជាក់ថា នាពេលខាងមុខ ខេត្តនឹងបន្តយកចិត្តទុកដាក់អនុវត្តគោលនយោបាយជនជាតិ សាសនាឲ្យមានប្រសិទ្ធភាព និងវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ទំនុកបម្រុងរបររកទទួលទាន ការអប់រំ សុខាភិបាល បណ្តុះបណ្តាលវិជ្ជាជីវៈ ដោះស្រាយការងារ សម្រាប់ជនរួមជាតិចាម ព្រមទាំងបង្កលក្ខណៈងាយស្រួលដើម្បីសកម្មភាពជំនឿសាសនាដំណើរការស្ថិរភាព និងត្រឹមត្រូវតាមច្បាប់។ ទន្ទឹមនឹងនេះ ក៏សង្ឃឹមថាសមណសក្តិ អ្នកមុខអ្នកការ និងអ្នកមានកិត្យានុភាពបន្តដើរតួនាទីជាស្ពានភ្ជាប់រវាងអាជ្ញាធរ និងជនរួមជាតិ ជំរុញស្មារតីរស់នៅ “ផ្លូវលោកក៏ល្អផ្លូវធម៌ក៏ល្អ” រួមចំណែកកសាងមាតុភូមិអានយ៉ាងឲ្យកាន់តែរីកចម្រើន។
ពិធីជួបជុំនេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសកក់ក្តៅ បង្ហាញពីទំនាក់ទំនងជិតស្និទ្ធរវាងថ្នាក់ដឹកនាំ និងជនរួមជាតិចាមកាន់សាសនាឥស្លាម រួមចំណែកពង្រឹងធ្លុងមហាសាមគ្គីជនជាតិទាំងមូលនៅលើភូមិសាស្ត្រខេត្ត និងបន្តរួមដំណើរនឹងចលនាប្រឡងប្រណាំងស្នេហាជាតិ ថែរក្សា និងពង្រីលនៅតម្លៃវប្បធម៌ប្រពៃណីជាតិល្អប្រសើរ៕
ប្រែ៖ ណារីពៅ