នៅរសៀលថ្ងៃទី ០១ ខែមិថុនា នគរបាលសង្កាត់ទីញបៀន បានរៀបចំសន្និបាតផ្សព្វផ្សាយបែបផែនសហការចាត់តាំងកម្លាំង និងមធ្យោបាយ ដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់ សម្រាប់ផ្សារណាត់ពាណិជ្ជកម្មអន្តរជាតិ ទីញបៀន - អានយ៉ាង ឆ្នាំ ២០២៦ និងសន្និបាតតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មតំបន់ព្រំដែន វៀតណាម - កម្ពុជា - ឡាវ។
អញ្ជើញចូលរួមសន្និបាតមាន លោកវរសេនីយ៍ឯក យ៉ាញ់ង៉ុកធូ (Danh Ngọc Thu) ប្រធានផ្នែក PA04 នៃស្នងការដ្ឋាននគរបាលខេត្តអានយ៉ាង លោក ត្រាន់ មិញហ្វា (Trần Minh Hòa) អនុប្រធានគណៈកម្មាធិការប្រជាជនសង្កាត់ទីញបៀន លោក ហ្វិញថាញ់ឌឿក (Huỳnh Thành Được) ប្រធាននគរបាលសង្កាត់ទីញបៀន ថ្នាក់ដឹកនាំផ្នែកជំនាញនៃនគរបាលខេត្ត ស្ថាបន និងអង្គភាពពាក់ព័ន្ធ។


ដើម្បីធានាសុវត្ថិភាពនិងសន្តិសុខឲ្យបានល្អ ក្នុងអំឡុងពេលរៀបចំផ្សារណាត់នគរបាលសង្កាត់ទីញបៀន បានសហការយ៉ាងសកម្មជាមួយផ្នែកជំនាញនគរបាលខេត្ត កម្លាំងយោធា កងទ័ពការពារព្រំដែន និងស្ថាប័នសមត្ថកិច្ចផ្សព្វផ្សាយបែបផែនសហការ ចាត់តាំងភារកិច្ចជាក់លាក់ សម្រាប់កម្លាំងនីមួយៗ ក្នុងការងារការពារគោលដៅ ការពារប្រតិភូដែលចូលរួម ការត្រួតពិនិត្យមនុស្ស និងយានយន្ត ការបង្ការ និងពន្លត់អគ្គិភ័យ ការបង្ការឧក្រិដ្ឋកម្ម រក្សាសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ។ល។
ទន្ទឹមនិងនោះ ផ្សព្វផ្សាយព្រមៗគ្នាវិធានការជំនាញក្នុងការបង្ក្រាប និងទប់ស្កាត់ឧក្រិដ្ឋកម្ម និងអំពើអបាយមុខសង្គម ដើម្បីប្រទះឃើញ និងដោះស្រាយទាន់ពេលវេលាចំពោះអំពើល្មើសច្បាប់ និងការឆ្លងដែនខុសច្បាប់។ កម្លាំងមានសមត្ថកិច្ចនឹងរៀបចំការបែងចែកចរាចរណ៍ និងគ្រប់គ្រងចរាចរណ៍នៅតាមផ្លូវសំខាន់ៗ តំបន់ច្រកព្រំដែន និងតំបន់រៀបចំព្រឹត្តិការណ៍ក្នុងក្របខ័ណ្ឌប្រារពឡើងផ្សារណាត់ ដោយធានាសុវត្ថិភាពអនាម័យអាហារ សន្តិសុខបណ្តាញ និងដោះស្រាយស្ថានភាពណាមួយដែលកើតឡើងក្រៅផែនការបានទាន់ពេលវេលា។
ដោយស្មារតីទទួលខុសត្រូវខ្ពស់ មិនទុកឲ្យកើតមានភាពអសកម្ម និងភ្ញាក់ផ្អើល នគរបាលសង្កាត់ទីញបៀន បានប្តេជ្ញាធានាសុវត្ថិភាពយ៉ាងពេញលេញសម្រាប់ប្រតិភូ ធុរកិច្ច ភ្ញៀវអន្តរជាតិ និងប្រជាពលរដ្ឋដែលចូលរួមផ្សារណាត់ ដើម្បីរួមចំណែកឲ្យផ្សារណាត់ពាណិជ្ជកម្មអន្តរជាតិ ទីញបៀន - អានយ៉ាង ឆ្នាំ ២០២៦ និងសន្និបាតតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មតំបន់ព្រំដែន វៀតណាម - កម្ពុជា - ឡាវ ប្រព្រឹត្តទៅដោយសុវត្ថិភាព ជោគជ័យ បង្កើតជាចំណុចលេចធ្លោក្នុងសកម្មភាពជំរុញពាណិជ្ជកម្ម វិនិយោគ និងផ្សព្វផ្សាយរូបភាពតំបន់ព្រំដែនអានយ៉ាងហ្វាហាប់ សមាហរណកម្ម និងអភិវឌ្ឍ។

ផ្សារណាត់ពាណិជ្ជកម្មអន្តរជាតិទីញបៀន - អានយ៉ាង ឆ្នាំ ២០២៦ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ០៤ ដល់ ១០ ខែមិថុនា នៅតំបន់ឧស្សាហកម្មស្វឺនតូ (Xuân Tô) ស្ថិតក្នុងអនុសង្កាត់ស្វឺនហ្វា សង្កាត់ទីញបៀន ដោយមានស្តង់ទំនិញជាង ២៦០ ស្តង់ របស់ធុរកិច្ចក្នុងស្រុក និងក្រៅប្រទេសជាច្រើនចូលរួមតាំងពិពណ៌ និងផ្សព្វផ្សាយផលិតផលតំបន់ (OCOP) របស់ខេត្តអានយ៉ាង និងបណ្តាខេត្តក្រុងប្រទេសទាំងមូល។នេះក៏ជាឱកាសសម្រាប់ធុរកិច្ចក្នុង និងក្រៅប្រទេសតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្ម ទំនាក់ទំនងសហប្រតិបត្តិការ បង្កើនសកម្មភាពជំរុញពាណិជ្ជកម្ម ពង្រីកទីផ្សារ អភិវឌ្ឍបណ្តាញចែកចាយ និងផ្គត់ផ្គង់ផលិតផល សេវាកម្មទៅកាន់អតិថិជន បម្រើតម្រូវការទស្សនា ទិញទំនិញ ដោះដូរ ពិគ្រោះយោបល់ និងលេងសប្បាយកែកំសាន្តសម្រាប់ប្រជាជនក្នុង និងក្រៅមូលដ្ឋាន។
ផ្សារណាត់បើកសម្ពោធនៅម៉ោង ១៨:០០ ល្ងាច ថ្ងៃទី ០៤ មិថុនា ឆាំ្ន ២០២៦ តាមការសន្និដ្ឋាន៕
ប្រែ៖ ណារីពៅ