រសៀលថ្ងៃទី ២៦ ខែឧសភា លោក ង្វៀន ទៀនហាយ សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស លេខាបក្សខេត្ត អានយ៉ាង ប្រធានគណៈប្រតិភូតំណាងរាស្ត្រខេត្ត អានយ៉ាង រួមជាមួយគណប្រតិភូខេត្ត បានអញ្ជើញទៅពិនិត្យតំបន់ទេសចរណ៍ និងអាងស្តុកទឹកនៅតំបន់ភ្នំប្រាំពី(បៃនុយ)។ អមដំណើរជាមួយមានអ្នកស្រី ង្វៀន ធីមិញធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងតំណាងថ្នាក់ដឹកនាំមន្ទីរ ផ្នែកថ្នាក់ខេត្ត។


បន្ទាប់ពីបានទៅពិនិត្យសកម្មភាពទេសចរណ៍ជាក់ស្តែងនៅ តំបន់កេរតំណែលជាតិភ្នំទឹកជប់ (Tức Dụp) និងធ្វើការជាមួយក្រុមហ៊ុនសៅម៉ាយ លោកង្វៀន ទៀនហាយ លេខាបក្សខេត្តអានយ៉ាង បានស្នើឲ្យមន្ទីរ និងផ្នែកពាក់ព័ន្ធសហការជាមួយក្រុមហ៊ុនសៅម៉ាយ ដោះស្រាយបញ្ហាលំបាក និងបញ្ហាទាក់ទិនក្នុងការគ្រប់គ្រង និងការអភិវឌ្ឍវិស័យទេសចរណ៍។




លោកលេខាបក្សខេត្ត ក៏បានស្នើឲ្យក្រុមហ៊ុនសៅម៉ាយ សហការជាមួយផ្នែកពាក់ព័ន្ធ និងមូលដ្ឋាន អនុវត្តយ៉ាងតឹងរ៉ឹងនូវការគ្រប់គ្រង ការអភិរក្ស និងលើកស្ទួយតម្លៃប្រវត្តិសាស្ត្រនៃតំបន់កេរតំណែលប្រវត្តិសាស្ត្រជាតិភ្នំទឹកជប់ ដើម្បីទាក់ទាញភ្ញៀវទេសចរមកទស្សនា និងធានាការគ្រប់គ្រងដោយគ្មានសកម្មភាពណាមួយប៉ះពាល់ដល់តម្លៃកេរដំណែល។





បន្ទាប់មក លោកបានទៅពិនិត្យស្រះ អូរធំ(Ô Thum) ឃុំអូរឡឹម ស្រះតាប៉ា(Tà Pạ) និងភ្នំខ្ទោ(Cô Tô) ឃុំទ្រីតូន។ លោក ង្វៀនទៀនហាយ លេខាបក្សខេត្ត អានយ៉ាង បានស្នើឲ្យមន្ទីរកសិកម្ម និងបរិស្ថាន សហការជាមួយមន្ទីរ ផ្នែកពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ធ្វើការត្រួតពិនិត្យឡើងវិញលើការគ្រប់គ្រងដីធ្លី ការគ្រប់គ្រងព្រៃឈើ និងគ្រប់គ្រងសកម្មភាពទេសចរណ៍ឲ្យបានហ្មត់ចត់ បង្កើនការធានាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ដើម្បីរួមចំណែកនាំមកនូវជីវភាពសុខសាន្តរបស់ប្រជាជន និងធានាសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរ៕
ប្រែ៖ ណារីពៅ